កាលបរិច្ឆេទ: ១១ វិច្ឆិកា ២០២២
អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចជនជាតិបារាំងបួនរូបបានធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុនខនហ្វីរេលកាលពីថ្ងៃសុក្រ ទី៧ ខែតុលា និងបានជួបជាមួយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនខនហ្វីរេល។ អ្នកសារព័ត៌មានទាំងនោះមកពីវិទ្យុបារាំង France Info មកពីកាសែត Journal des Français à l’étranger កាសែត Le Figaro និងកាសែត La Croix et l’Opinion ។
ជំនួបនេះត្រូវបានធ្វើឡើងក្នុងក្របខណ្ឌដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានបារាំងមកកាន់ប្រទេសកម្ពុជា ដែលរៀបចំឡើងដោយភ្នាក់ងារ Beyond Media Cambodia នៅទីក្រុងភ្នំពេញ សហការជាមួយភ្នាក់ងារទំនាក់ទំនងសារព័ត៌មានបារាំង be-rp ដើម្បីឲ្យអ្នកកាសែតទាំងនោះមានចក្ខុវិស័យកាន់តែច្បាស់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ព្រោះថា ប្រទេសបារាំងក៏ដូចជាអឺរ៉ុបមិនសូវស្គាល់ពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមួយនេះឡើយ។
ក្នុងអំឡុងពេលប្រាំថ្ងៃនៅទីក្រុងភ្នំពេញ អ្នកសារព័ត៌មានបារាំងបានជួបជាមួយរដ្ឋមន្រ្តីនានាដូចជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកអគ្គិសនីកម្ពុជា និងធុរជនមួយចំនួនដូចជា លោកស៊ា រិទ្ធី លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង លោក Arnaud Darc ជាដើម។ ក្រៅពីនេះ ពួកគេក៏បានជួបជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ចផងដែរ មានដូចជាលោក Antoine Fontaine លោក Adrienne Ravez លោក Blaise Kilian ជាដើម ព្រមទាំងបានចុះទស្សនកិច្ចនៅតាមការដ្ឋានសំណង់មួយចំនួនដូចជាការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
នៅក្រុមហ៊ុនខនហ្វីរេលឯណោះវិញ ពួកគេត្រូវបានទទួលស្វាគមន៍ដោយលោកហ៊ឹម ពិសិដ្ឋ អគ្គនាយកទទួលបន្ទុកផ្នែកធនធានមនុស្ស និងទំនាក់ទំនងសាធារណៈ លោកសាកេត សុភសីលា តំណាងនាយក និងលោក ទ្រី យ៉ន ប្រធានផ្នែកហិរញ្ញវិត្ថុ។ ក្នុងឱកាសនោះដែរ អ្នកសារព័ត៌មានបារាំងបានទស្សនាផ្នែកផលិត និងមន្ទីរពិសោធន៍ Labiocert ដែលជាកន្លែងវិភាគចំណីអាហារ និងថ្នាំពេទ្យ ហើយទីបញ្ចប់ ពួកគេក៏បានភ្លក្សផលិតផលរបស់ក្រុមហ៊ុនផងដែរ។
លោក Claude Langlois មកពីកាសែត le Journal des Français à l’Étranger បានចុះផ្សាយអត្ថបទជាច្រើនបន្តបន្ទាប់គ្នាស្តីពីដំណើរទស្សនកិច្ចនេះ។ នេះជាអត្ថបទទីមួយដែលលោកបានសរសេរបន្ទាប់ពីជំនួបជាមួយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង៖ « ដំណើររបស់យើងត្រូវយឺតប្រាំបីម៉ោងដោយសារតែខកជើងហោះហើរនៅទីក្រុងហុងកុង(អរគុណក្រុមហ៊ុន Cathay Pacific ហើយ!) តែគ្រាន់តែឈានជើងចេញពីព្រលានយន្តហោះភ្នំពេញភ្លាម យើងក៏បានស្គាល់ភាពអ៊ូអរចរាចរណ៍ឆ្វេចឆ្វាចនៃទីក្រុងភ្នំពេញភ្លាមដែរ។ បន្ទាប់ពីដើរមើលព្រះបរមរាជវាំងដែលនៅជិតបង្កើយនឹងសណ្ឋាគារ Penh House ឥឡូវពួកយើងកំពុងតែអង្គុយរួមតុអាហារជាមួយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាម្ចាស់សណ្ឋាគារ ប្រធានក្រុមហ៊ុន និងពិសេសជាស្ថាបនិកក្រុមហ៊ុនខនហ្វីរេល ជាក្រុមហ៊ុនចំណីអាហារដំបូងគេបង្អស់ដែលមានស្លាកសញ្ញាទទួលស្គាល់ថ្នាក់អន្តរជាតិ។ សហគ្រិនខ្មែររូបនេះបានពន្យល់ប្រាប់ពួកយើងដោយក្តីរីករាយជាមួយនឹងភាសាបារាំងយ៉ាងស្ទាត់ជំនាញថា៖ «ផលិតផលចម្បងរបស់យើងគឺស្ករត្នោត។ យើងផ្តោតសំខាន់ទៅលើផលិតផលធម្មជាតិ និងសរីរាង្គ។ បញ្ហានៅត្រង់មានការភាន់ច្រលំរវាងផលិតផលត្នោតរបស់យើង និងប្រេងដូងដែលមានកេរ្តិ៍ឈ្មោះមិនល្អដោយសារតែការកាប់បំផ្លាញព្រៃឈើដើម្បីរានដីដាំដើមប្រេងដូង!»។
គួរឲ្យកត់សម្គាល់ផងដែរថា ស្ករត្នោតនេះត្រូវបានក្រុមហ៊ុនខនហ្វីរេលកែច្នៃចេញជាផលិតផលច្រើនប្រភេទមិនថាជាស្ករសូកូឡា(ដោយប្រើផ្លែកាកាវដាំនៅក្នុងស្រុក) ឬក៏ស្រាដែលមានលក្ខណៈស្រដៀងគ្នានឹងស្រាសំប៉ាញនោះឡើយ។ សហគ្រិនដ៏រាក់ទាក់រួសរាយរូបនេះបន្តទៀតយ៉ាងដូច្នេះ៖ «ផលិតផលសំខាន់មួយទៀតរបស់ក្រុមហ៊ុនយើងគឺម្រេចកំពតដ៏ល្បីល្បាញដែលត្រូវបានចាត់ទុកថាជាម្រេចល្អដាច់គេនៅលើពិភពលោក។ ម្រេចរបស់យើងគឺជាផលិតផលធម្មជាតិ និងទទួលបានស្លាកសញ្ញា Ecocert នៅអឺរ៉ុប និងស្លាកសញ្ញា JAS សម្រាប់ប្រទេសជប៉ុន ព្រមទាំងស្លាកសញ្ញា USDA នៅសហរដ្ឋអាមេរិក»។ ជាក្រុមហ៊ុនដំបូងគេផ្នែកផលិតចំណីអាហារ ជាបឋមខនហ្វីរេលឆ្លុះបញ្ចាំងពីការតស៊ូប្រយុទ្ធរបស់ស្ថាបនិកដែលជាឱសថការីមួយរូប និងជាអ្នកបង្កើតមន្ទីរពិសោធន៍ឱសថទីមួយនៅកម្ពុជា។ លោកឧកញ៉ាឱសថបណ្ឌិតមានប្រសាសន៍គូសបញ្ជាក់ថា «យើងត្រូវប្រែក្លាយកសិកម្មរបស់យើងឲ្យទៅជាផលិតផលសរីរាង្គប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពកសិករខ្មែរ។ សំខាន់គឺយើងត្រូវអភិវឌ្ឍជនបទដោយផ្អែកលើទំនួលខុសត្រូវសង្គម ដើម្បីកាត់បន្ថយគម្លាតដែលចេះតែរីកធំឡើងៗរវាងជនបទ និងទីក្រុង។ យើងមិនត្រូវភ្លេចទេថា ភាពក្រីក្រនៅជនបទបានចូលរួមជំរុញឲ្យខ្មែរក្រហមចូលកាន់កាប់អំណាច»។
នៅកម្ពុជា កសិ-ចំណីអាហារគឺជាវិស័យមួយដែលមានអនាគត ព្រោះថាមានអ្វីៗជាច្រើនដែលអាចធ្វើបាន។ ផ្លែស្វាយគឺជាផលិតផលមួយក្នុងចំណោមផលិតផលសំខាន់ៗ ហើយត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ(ដំណាប់ស្វាយរមូរ ដំណាប់ស្វាយ…)។ ចំណែកឯទន្លេមេគង្គ(ដែលហូរកាត់ប្រទេសថៃ និងវៀតណាមផងដែរ)គឺជាសួនច្បារស្ថានសួគ៌លោកិយដ៏មានជីរជាតិដែលសម្បូរទៅដោយបន្លែផ្លែឈើច្រើនស្អេកស្កះ។ ផ្ទៃដីសណ្តរលិចទឹកនៅរដូវវស្សាដែលយើងមើលឃើញពីលើយន្តហោះ កាលណាទឹកស្រកអស់ នឹងក្លាយជាដីរឹតតែមានជីរជាតិថែមទៀត។ លោក Emmanuel Scheffer ដែលជាជនជាតិបារាំងមករស់នៅទីក្រុងភ្នំពេញតាំងពីយូរយារមកហើយ និងជាអ្នករៀបចំដំណើរទស្សនកិច្ចនេះជាមួយនឹងភ្នាក់ងាររបស់លោក(Beyond Media Cambodia) បានពន្យល់យ៉ាងដូច្នេះ៖ «កាត់បន្ថយការពឹងផ្អែកលើការនាំចូលចំណីអាហារមកកម្ពុជាគឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ព្រោះថាវិបត្តិជំងឺកូវីដបានបង្ហាញយ៉ាងច្បាស់ពីបញ្ហានេះ។ កម្ពុជាមានអ្វីៗគ្រប់យ៉ាង៖ ដីមានជីរជាតិ ផលិតផលមានគុណភាព។ នៅមានអ្វីៗជាច្រើនទៀតដែលអាចធ្វើបាន។ វិស័យកសិកម្មក៏មិនខុសពីវិស័យផ្សេងៗទៀតដែរ គឺបើកទ្វាររង់ចាំវិនិយោគិនបរទេស ជាពិសេសផ្នែកបច្ចេកវិទ្យាដែលអាចកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនការចែកចាយផលិតផលកសិកម្មនៅលើទីផ្សារបរទេស»៕